• ទំព័រដើម
  • ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ចូលរួមគាំទ្រ និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃដល់ធុរជនក្នុងវិស័យគ្រឿងសម្អាងនៅកម្ពុជា

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ចូលរួមគាំទ្រ និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃដល់ធុរជនក្នុងវិស័យគ្រឿងសម្អាងនៅកម្ពុជា

May 25, 2026

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក​ដែលជាធនាគារពាណិជ្ជដ៏ប្រកបដោយទំនុកចិត្ត និងជាបុត្រសម្ព័ន្ធរបស់ អុឹមប៊ី គ្រុប (MB Group) នៅប្រទេសវៀតណាម បានចូលរួមឧបត្ថម្ភ និងចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាស្តីពី «ហានិភ័យផ្លូវច្បាប់ វិស័យគ្រឿងសម្អាង និងដំណោះស្រាយដើមទុនហិរញ្ញវត្ថុពីវិស័យធនាគារ»។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម ធុរជន ក្នុងខ្សែសង្វាក់នាំចូល នាំចេញ បោះដុំ និងលក់រាយគ្រឿងសម្អាងប្រមាណ ៧០ នាក់។


សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត តេង ប៊ុនថុន ស្ថាបនិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ក្នុងគោលបំណងពង្រឹងការយល់ដឹងផ្នែកច្បាប់ ការពារសុវត្ថិភាពអ្នកប្រើប្រាស់ និងតម្រង់ទិសដៅស្របច្បាប់សម្រាប់ធុរជនក្នុងវិស័យគ្រឿងសម្អាងដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លានៅកម្ពុជា។


នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក ហ៊ីម​ ភារម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃ ធនាគារ អុឹមប៊ី (ខេមបូឌា) បានសម្តែងនូវការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. និងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងដែលបានខិតខំផ្សព្វផ្សាយ និងតម្រង់ទិសដល់ធុរជន។ ជាមួយគ្នានេះ ធនាគារក៏បានបង្ហាញពីការយល់ច្បាស់អំពីបញ្ហាប្រឈមជាក់ស្តែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យគ្រឿងសម្អាង ដូចជាបញ្ហាខ្វះខាតទុនបង្វិល ហានិភ័យអត្រាប្តូរប្រាក់ និងសម្ពាធសាច់ប្រាក់កក់មុនទៅឱ្យអ្នកផ្គត់ផ្គង់អន្តរជាតិ។


ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) បានដាក់ដោះស្រាយនូវ «ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិ» តាមរយៈសេវាលិខិតឥណទាន (LC) និងសេវាលិខិតធានា (BG)។ សេវាហិរញ្ញវត្ថុទាំងនេះនឹងជួយសម្រាលបន្ទុកសាច់ប្រាក់ បង្កើនទំនុកចិត្តជាមួយម្ចាស់ប្រេនល្បីៗនៅបរទេស និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ធនាគារក៏បានណែនាំពីសេវាកម្មផ្គូផ្គងដៃគូជំនួញដែលមានសក្តានុពល និងគួរឱ្យទុកចិត្ត (Trusted Business Matching) ដើម្បីជួយផ្សារភ្ជាប់អាជីវកម្មកម្ពុជា ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំធាត់នៅប្រទេសវៀតណាមផងដែរ។


គួររំលឹកផងដែរថា ធនាគារ អុឹមប៊ី (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ MB Group ដែលមានប្រវត្តិរឹងមាំជាង ៣០ ឆ្នាំ និងកំពុងបម្រើអតិថិជនជាង ៣៧ លាននាក់នៅប្រទេសវៀតណាម។ តាមរយៈបទពិសោធន៍ និងគ្រឹះដ៏រឹងមាំនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) ប្តេជ្ញាចិត្តបន្តដើរតួជាដៃគូយុទ្ធសាស្ត្រដែលដើរទន្ទឹមគ្នាជាមួយ SMEs នៅកម្ពុជា ក្នុងវិស័យគ្រឿងសម្អាង និងវិស័យផ្សេងៗទៀត ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យប្រកបដោយនិរន្តរភាព និងអនុលោមភាពច្បាប់ខ្ពស់។