ធនាគារ អ៊ឹមប៊ី (ខេមបូឌា) គាំទ្រសហគ្រិនកម្ពុជា ក្នុងការលើកកម្ពស់ម៉ាកយីហោឌីជីថល និងពង្រីកសក្តានុពលផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ក្នុងនាមជាដៃគូសហការ និងគាំទ្រយ៉ាងសកម្មជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈស្ថាប័ន ជីអេស១ កម្ពុជា (GS1 Cambodia) បានរួមចំណែករៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ» ក្នុងគោលបំណងជំរុញបរិយាបន្នហិរញ្ញវត្ថុ ការធ្វើពិពិធកម្មផលិតផល ព្រមទាំងការលើកកម្ពស់សក្តានុពលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។
សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលដៅគាំទ្រសហគ្រិន និងអ្នកផលិតក្នុងស្រុក ឱ្យយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកសាងម៉ាកយីហោ និងការបង្កើតមាតិកាប្រកបដោយគុណភាព ដើម្បីជួយឱ្យផលិតផលខ្មែរកាន់តែមានសមត្ថភាពប្រកួតប្រជែងទាំងនៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិ តាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យពាក់ព័ន្ធ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ស្ថាប័នបារកូដ តំណាងមកពីក្រសួង សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។
ថ្លែងក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងយុគសម័យឌីជីថលនេះ ទីផ្សារលែងកំណត់ត្រឹមតែព្រំដែនភូមិសាស្ត្រទៀតហើយ ខណៈដែល «ទីតាំង» របស់អាជីវកម្មនាពេលបច្ចុប្បន្នគឺស្ថិតនៅលើ «ទូរស័ព្ទដៃរបស់អតិថិជន»។ ឯកឧត្តមឧកញ៉ា បានគូសបញ្ជាក់ថា ការធ្វើ Digital Branding ផ្តល់នូវអត្ថប្រយោជន៍ចម្បងក្នុងការជួយឱ្យសហគ្រាសខ្នាតតូចនៅតាមបណ្តាខេត្ត អាចអភិវឌ្ឍខ្លួនទៅជាម៉ាកយីហោដែលគេស្គាល់ទូទាំងប្រទេស និងឈានទៅទីផ្សារអន្តរជាតិបាន ដោយមិនចាំបាច់មានហាងផ្ទាល់ខ្លួនគ្រប់ទីកន្លែង តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ ព្រមទាំងការប្រើប្រាស់លេខកូដបារកូដ ៨៨៤ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងនៅលើទីផ្សារឌីជីថលនាពេលបច្ចុប្បន្នបាន ម្ចាស់អាជីវកម្មពិតជាចាំបាច់ត្រូវមានទុនគ្រប់គ្រាន់ ការធ្វើទីផ្សារបែបឌីជីថល និងការផ្សព្វផ្សាយម៉ាកយីហោឱ្យមានភាពទាក់ទាញ»។
លោកបានបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពនេះ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវឥណទានអាជីវកម្ម ដែលមានអត្រាការប្រាក់សមរម្យបំផុតចាប់ពី ៦,៥% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានវែងរហូតដល់ ១៥ឆ្នាំ ដែលជួយកាត់បន្ថយទំហំនៃការបង់ប្រាក់ត្រឡប់មកវិញប្រចាំខែ និងបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។ លើសពីនេះ សេវាឥណទានរបស់ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ក៏មានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បូករួមទាំងសេវាធនាគារឌីជីថល (Digital Banking) ដ៏សម្បូរបែប ដែលជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុទាំងក្នុងអាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។
សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកចូលរួមនូវចំណេះជំនាញពាក់ព័ន្ធនឹង៖ យុទ្ធសាស្ត្រទីផ្សារឌីជីថល និងម៉ាកយីហោតាមបណ្តាញផ្សព្វផ្សាយសង្គម, ការថតរូបផលិតផល និងការបង្កើតមាតិកាដែលទាក់ទាញ, ទទួលបានចំណេះដឹងអំពីជម្រើសហិរញ្ញប្បទាន និងដំណោះស្រាយធនាគារ, ឱកាសផ្គូផ្គងរវាងសិប្បករ ផលិតករ ដៃគូចែកចាយ និងផ្សារទំនើបនានា៕