ធនាគារ អុឹមប៊ី (ខេមបូឌា) រៀបចំសន្និបាតបូកសរុបការងារពាក់កណ្តាលឆ្នាំ២០២៦ ដើម្បីពិនិត្យឡើងវិញលើលទ្ធផលការងារឆមាសទី១ និងទស្សនវិស័យយុទ្ធសាស្ត្រសម្រាប់ឆមាសទី២
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បានរៀបចំប្រារព្ធសន្និបាតបូកសរុបការងារពាក់កណ្តាលឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងធនាគារ។ ក្រោមប្រធានបទ «ការពិនិត្យឡើងវិញលើលទ្ធផលការងារឆមាសទី១ និងទស្សនវិស័យយុទ្ធសាស្ត្រសម្រាប់ឆមាសទី២» សន្និបាតនេះបានដើរតួនាទីយ៉ាងសំខាន់ជាវេទិការាយតម្លៃលើលទ្ធផលអាជីវកម្មក្នុងឆមាសទីមួយ ការប្រឈមមុខនិងជម្នះនូវបញ្ហាប្រឈមនៃម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការដាក់ចេញនូវផែនទីបង្ហាញផ្លូវយ៉ាងច្បាស់លាស់ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងគុណភាពខ្ពស់សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៦។
អង្គសន្និបាតបានចាប់ផ្តើមឡើងជាមួយនឹងរបាយការណ៍សង្ខេបពី លោក Nguyen Anh Khanh អគ្គនាយកប្រតិបត្តិ ធនាគារ អុឹមប៊ី (ខេមបូឌា) ដែលបានរំលឹកឡើងវិញអំពីបរិយាកាស និងស្ថានភាពប្រតិបត្តិការនាពេលបច្ចុប្បន្ន។ ទោះបីជាស្ថិតក្នុងបរិយាកាសទីផ្សារដែលទាមទារការប្រុងប្រយ័ត្នខ្ពស់ ធនាគារ អុឹមប៊ី (ខេមបូឌា) បានបង្ហាញពីវិន័យយ៉ាងរឹងមាំក្នុងការគ្រប់គ្រងហានិភ័យ និងភាពធន់របស់ស្ថាប័ន។ តាមរយៈការតាមដានផលប័ត្រឥណទានយ៉ាងសកម្ម និងការផ្តល់ដំណោះស្រាយរៀបចំរចនាសម្ព័ន្ធឥណទានឡើងវិញយ៉ាងសមស្រប ធនាគារសម្រេចបាននូវការរក្សាអត្រាឥណទានមិនដំណើរការ (NPL) ត្រឹមតែ ១,០៤% ប៉ុណ្ណោះ ដែលស្ថិតនៅទាបជាងផែនការកំណត់ ២,៥% យ៉ាងខ្លាំង។ បន្ថែមពីនេះ ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួលប្រកបដោយប្រសិទ្ធភាព បានជួយឱ្យធនាគារគ្រប់គ្រងដើមទុនរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
សម្លឹងទៅមុខ លោកអគ្គនាយកប្រតិបត្តិ បានគូសបញ្ជាក់អំពីអាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន ៦ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ រួមមាន៖ ការជំរុញកំណើនអាជីវកម្មប្រកបដោយគុណភាព, ការធ្វើពិវិធកម្មប្រភពទុន, ការលើកកម្ពស់ចំណូលពីកម្រៃសេវា, ការពង្រីកសមត្ថភាពឌីជីថល, ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការពង្រឹងការគ្រប់គ្រងបំណុល។ ធនាគារក៏បានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការគ្រប់គ្រងផលប័ត្រឥណទានយ៉ាងសកម្ម ដោយផ្តោតលើការជូនដំណឹងជាមុន ដើម្បីដោះស្រាយបញ្ហាគណនីដែលស្ថិតក្នុងបញ្ជីតាមដាន និងការពារគុណភាពទ្រព្យសកម្មសរុប។ បន្ថែមលើនេះ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រសំខាន់ៗលើផ្នែកឥណទានអាជីវកម្មបុគ្គល (Retail Business Loans), ដំណោះស្រាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME Solutions), សេវាធនាគារព្រីមៀរ (Premier Banking) និងសេវាប្រតិបត្តិការធនាគារ (Transaction Banking) ត្រូវបានលើកយកមកបង្ហាញ ដែលឆ្លុះបញ្ចាំងពីការផ្តោតសំខាន់ទ្វេដងរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) លើការពង្រីកកម្លាំងចលករអាជីវកម្មស្នូល ព្រមទាំងការបង្កើនភាពធន់របស់ខ្លួន។
ផ្អែកលើទស្សនវិស័យបរិវត្តកម្មសាជីវកម្មដែលបានបង្កើតឡើងកាលពីដើមឆ្នាំ សន្និបាតបូកសរុបការងារពាក់កណ្តាលឆ្នាំនេះ បានពង្រឹងបន្ថែមនូវសារៈសំខាន់នៃការតម្រង់ទិសរវាងផ្នែកពាក់ព័ន្ធទាំងអស់ ប្រសិទ្ធភាពប្រតិបត្តិការ និងការយកអតិថិជនជាគោល។ សម្លឹងទៅកាន់ដំណាច់ឆ្នាំ២០២៦ ធនាគារ អុឹមប៊ី (ខេមបូឌា) កំពុងពង្រឹងជំហររបស់ខ្លួនក្នុងការសម្រេចបាននូវកំណើនហិរញ្ញវត្ថុ និងប្រាក់ចំណេញប្រកបដោយចីរភាព ដោយរក្សាបាននូវកម្រិតឥណទានមិនដំណើរការ (NPL) យ៉ាងម៉ឺងម៉ាត់ឱ្យនៅក្រោម ១,២%។
លោកអគ្គនាយកប្រតិបត្តិ បានបន្ថែមថា៖ «ក្នុងបរិយាកាសទីផ្សារដែលកំពុងមានស្ថានភាពប្រឈមខ្ពស់ ការជោគជ័យរយៈពេលវែងរបស់យើងគឺផ្អែកលើការរក្សាវិន័យក្នុងការគ្រប់គ្រងហានិភ័យ ការធ្វើពិវិធកម្មប្រភពចំណូល និងការបង្កើនផលិតភាពជាអតិបរមានៅគ្រប់ផ្នែកទាំងអស់ក្នុងធនាគារ។ តាមរយៈការបន្តផ្តោតលើកំណើនប្រកបដោយគុណភាព និងការអនុវត្តការងារដោយភាពស្វាហាប់ ធនាគារ អុឹមប៊ី (ខេមបូឌា) មានជំហរយ៉ាងរឹងមាំក្នុងការផ្តល់តម្លៃប្រកបដោយចីរភាពជូនដល់អតិថិជនរបស់យើង គាំទ្រអាជីវកម្មក្នុងស្រុក និងពង្រឹងភាពជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តរបស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។