• ទំព័រដើម
  • ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ត្រៀមខ្លួនក្លាយជាដៃគូហិរញ្ញវត្ថុយុទ្ធសាស្ត្រ ដើម្បីជំរុញការវិនិយោគ និងពង្រីកសក្តានុពលសេដ្ឋកិច្ចនៅភូមិភាគឦសាន

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ត្រៀមខ្លួនក្លាយជាដៃគូហិរញ្ញវត្ថុយុទ្ធសាស្ត្រ ដើម្បីជំរុញការវិនិយោគ និងពង្រីកសក្តានុពលសេដ្ឋកិច្ចនៅភូមិភាគឦសាន

Jun 24, 2026

ខេត្តក្រចេះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ក្នុងនាមជាធនាគារដែលប្រកបដោយទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន តែងតែផ្ដោតលើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងគាំទ្រដល់បណ្តាក្រុមហ៊ុន ធុរជន និងវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចាប់យកឱកាសធុរកិច្ចដ៏មានតម្លៃ ស្របពេលដែលរដ្ឋបាលខេត្តក្រចេះ បានរៀបចំជំនួបពិភាក្សាស្ដីពីការស្វែងយល់ឱកាសពាណិជ្ជកម្ម និងការផ្គូផ្គងដៃគូធុរកិច្ច ក្រោមប្រធានបទ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ភូមិភាគឦសាន (២០២៥-២០២៨)»។ ជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ព្រមទាំងគណៈប្រតិភូវិនិយោគិនអន្តរជាតិមកពី ៦ ប្រទេស រួមមាន វៀតណាម, អាល្លឺម៉ង់, ម៉ាឡេស៊ី, អ៊ីស្រាអែល, សិង្ហបុរី និងកម្ពុជា ក្នុងគោលដៅរួមគ្នាពង្រីកសក្តានុពលលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍នៅក្នុងខេត្តក្រចេះ ក៏ដូចជាទូទាំងភូមិភាគឦសានទាំងមូល។
 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទុន និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងការវិនិយោគខ្នាតធំ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងមានភាពបត់បែនខ្ពស់ តាមរយៈសេវាហិរញ្ញវត្ថុឆ្លងដែន (Cross-Border Financial Services) ដែលផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ និងការធ្វើប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ជាពិសេសរវាង កម្ពុជា-វៀតណាម ឱ្យកាន់តែរលូន ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់បំផុត ជាមួយនិងកម្រៃសេវាដ៏សមរម្យ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ។ បន្ថែមលើនេះ ធនាគារក៏មានសេវាឥណទានអាជីវកម្ម (Business Loans) ជួយគាំទ្រលើការផ្តល់ទុនបង្វិល និងឥណទានរយៈពេលវែងសម្រាប់ការវិនិយោគលើរោងចក្រកែច្នៃកសិផល វិស័យរ៉ែ ឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីបង្កើនផលិតភាព និងពង្រីកវិសាលភាពអាជីវកម្ម ព្រមទាំងសេវាគ្រប់គ្រងសាច់ប្រាក់សម្រាប់សហគ្រាស (Corporate Cash Management Services) ដែលជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ការទូទាត់ប្រាក់ជូនដៃគូពាណិជ្ជកម្ម និងការបើកប្រាក់បៀវត្សជូនបុគ្គលិក ប្រកបដោយប្រសិទ្ធភាព ភាពត្រឹមត្រូវ និងទំនើបកម្មតាមបែបឌីជីថល។
 

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ជឿជាក់យ៉ាងមុតមាំថា តាមរយៈការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងការយល់ដឹងពីតម្រូវការរបស់វិនិយោគិន ធនាគារនឹងក្លាយជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំ និងជាកាតាលីករដ៏សំខាន់សម្រាប់គ្រប់គម្រោងវិនិយោគរបស់លោកអ្នកឱ្យទទួលបានជោគជ័យប្រកបដោយចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា៕