ធនាគារ អុឹមប៊ី (ខេមបូឌា) ជំរុញឧស្សាហកម្មស្វាយចន្ទីកម្ពុជា-វៀតណាម ទៅកាន់ឆាកអន្តរជាតិ តាមរយៈនវានុវត្តន៍ សេវាហិរញ្ញវត្ថុ
(ទីក្រុងហូជីមិញ) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ អនុព័ន្ធ ពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងសហការ រៀបចំកិច្ចប្រជុំផ្លាស់ប្តូរយោបល់ស្តីពី “កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម សម្រាប់ខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី ប្រកបដោយចីរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង ស្ថាប័ន សមាគម វិស័យធនាគារ និងតំណាងវិស័យ ឯកជនជាច្រើនមកពីកម្ពុជា និងវៀតណាម។
ស្ថិតនាឱកាសនេះ ថ្នាក់ដឹកនាំនៃធនាគារ អុឹមប៊ី (វៀតណាម) និងធនាគារ អុឹមប៊ី (ខេមបូឌា) បាន ប្រកាស ដាក់ចេញ នូវកញ្ចប់ដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ និងទំនើបកម្មនៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែច្រវាក់តម្លៃ ស្វាយចន្ទីទាំងមូលរវាងប្រទេសទាំងពីរ។ យុទ្ធសាស្ត្រថ្មីនេះផ្ដោតសំខាន់ទៅលើការផ្ដល់ហិរញ្ញប្បទាន ពាណិជ្ជកម្ម និងទុនបង្វិលសម្រាប់សហគ្រាសនាំចូល ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឆ្លងប្រទេសឱ្យមានល្បឿនលឿនក្នុង រង្វង់ត្រឹមតែ ១ ម៉ោង និងការកសាងបណ្ដាញ តភ្ជាប់តាមប្រព័ន្ធឌីជីថលរវាងកសិករ អ្នកប្រមូលទិញ រោងចក្រកែច្នៃ និងអ្នក នាំចេញ។
ដំណោះស្រាយទាំងនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមលើផ្នែកហិរញ្ញប្បទាន និងការទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញស្ដង់ដារខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនគុណតម្លៃបន្ថែមសម្រាប់ឧស្សាហកម្មទាំងមូល ផងដែរ។ ជាការកត់សម្គាល់ តំណាងមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានបង្ហាញការគាំទ្រ យ៉ាងខ្លាំង ចំពោះគំរូហិរញ្ញវត្ថុរបស់ធនាគារ អុឹមប៊ី ដោយចាត់ទុកថាជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់កសិករ និងអ្នកប្រមូលទិញផ្ទាល់ ព្រមទាំងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ី ស្វាយចន្ទី ឱ្យមាននិរន្តរភាព និងបរិយាបន្ន។
បច្ចុប្បន្ន កម្ពុជាកំពុងក្លាយជាតួអង្គសកលដ៏សំខាន់ក្នុងផលិតកម្មស្វាយចន្ទី ដោយមានទិន្នផលជិត ១ លានតោនក្នុងឆ្នាំ ២០២៥ ជាមួយនឹងតម្លៃនាំចេញសម្រេចបានប្រមាណ ៨០៩ លានដុល្លារអាមេរិក។ ឆ្លើយតបទៅនឹងគោលដៅរបស់ រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតផលឱ្យដល់ ២ លានតោន ធនាគារ អុឹមប៊ី (ខេមបូឌា) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងនាមជាអ្នកភ្ជាប់ទំនាក់ទំនងហិរញ្ញវត្ថុឆ្លងប្រទេសឈានមុខគេ ដើម្បីជំរុញពាណិជ្ជកម្មផ្លូវការឱ្យមានតម្លាភាព និងបង្កើន សមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មស្វាយចន្ទី កម្ពុជា-វៀតណាម នៅលើឆាកអន្តរជាតិ។