ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក និងសហព័ន្ធស្វាយចន្ទីកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក និងសហព័ន្ធស្វាយចន្ទីកម្ពុជា (CCF) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ព្រមទាំងបានរួមសហការរៀបចំ "វេទិកាចែករំលែកបទពិសោធន៍នៃការនាំចេញស្វាយចន្ទី" នៅរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព និងជាសាក្សីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា និងពង្រឹងខ្សែច្រវាក់តម្លៃទាំងមូល ចាប់តាំងពីអ្នកដាំដុះ និងអ្នកប្រមូលទិញ រហូតដល់ពាណិជ្ជករ អ្នកកែច្នៃ អ្នកនាំចេញ និងអ្នកទិញនៅលើទីផ្សារអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) និងសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្វែងយល់អំពីតម្រូវការហិរញ្ញវត្ថុ និងអាជីវកម្មរបស់សមាជិកសហព័ន្ធ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របពេញមួយវដ្តនៃពាណិជ្ជកម្ម រួមមាន ហិរញ្ញប្បទានទុនបង្វិល ហិរញ្ញប្បទានលើស្តុកទំនិញ និងឧបករណ៍គាំទ្រអាជីវកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance) សេវាធនាគារប្រតិបត្តិការ (Transaction Banking) ព្រមទាំងដំណោះស្រាយទូទាត់ប្រាក់ក្នុងស្រុក និងឆ្លងដែនទៅកាន់ប្រទេសវៀតណាម។
ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ MB នៅប្រទេសវៀតណាម ធនាគារ អុឹមប៊ី (ខេមបូឌា) មានឧត្តមភាពយ៉ាងលេចធ្លោក្នុងការគាំទ្រលំហូរពាណិជ្ជកម្ម និងហិរញ្ញវត្ថុតាមច្រករបៀងសេដ្ឋកិច្ចកម្ពុជា–វៀតណាម។ ដោយភ្ជាប់សមត្ថភាពរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ជាមួយបណ្តាញដ៏រឹងមាំរបស់ធនាគារ MB នៅវៀតណាម ភាគីទាំងពីរនឹងស្វែងរកឱកាសតភ្ជាប់អ្នកផ្គត់ផ្គង់ ពាណិជ្ជករ អ្នកកែច្នៃ និងអ្នកនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់អ្នកនាំចូល អ្នកកែច្នៃ និងដៃគូអាជីវកម្មសក្តានុពលនៅប្រទេសវៀតណាម ព្រមទាំងទីផ្សារអន្តរជាតិផ្សេងទៀត។
ថ្លែងនៅក្នុងឱកាសនោះ លោក Nguyen Anh Khanh អគ្គនាយកប្រតិបត្តិនៃធនាគារ អុឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ថា «ការប្តេជ្ញាចិត្តរបស់យើងមិនត្រឹមតែផ្តោតលើការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រតិបត្តិការនីមួយៗនោះទេ។ គោលបំណងចម្បងរបស់យើង គឺការគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្វាយចន្ទីទាំងមូល។ លើសពីការតភ្ជាប់លំហូរទូទាត់ប្រាក់ យើងមានបំណងតភ្ជាប់អាជីវកម្ម ទីផ្សារ និងបង្កើតឱកាសពាណិជ្ជកម្មឆ្លងដែនផងដែរ។»
បន្ទាប់ពីពិធីចុះហត្ថលេខានេះ ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាជិកទាំងអស់ ដើម្បីកំណត់តម្រូវការអាជីវកម្មជាក់លាក់ ណែនាំដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប និងសម្របសម្រួលឱកាសតភ្ជាប់ពាណិជ្ជកម្ម (Trade-matching)។ តាមរយៈភាពជាដៃគូនេះ ភាគីទាំងពីរមានគោលដៅរួមគ្នាក្នុងការរួមចំណែកអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងបង្កើនការតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ ព្រមទាំងបង្កើតតម្លៃបន្ថែមសម្រាប់អាជីវកម្មនៅគ្រប់ផ្នែកនៃខ្សែច្រវាក់តម្លៃ។
ធនាគារ អុឹមប៊ី (ខេមបូឌា) គាំទ្រតម្រូវការហិរញ្ញវត្ថុ ដើម្បីតភ្ជាប់ពាណិជ្ជកម្ម និងបង្កើនតម្លៃពាណិជ្ជកម្មកម្ពុជា–វៀតណាម។