ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ពង្រឹងពាណិជ្ជកម្មកម្ពុជា-វៀតណាម តាមរយៈការជំរុញប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក កំពុងបន្តបោះជំហានទៅកាន់ឧត្តមភាពនៃសេវាហិរញ្ញវត្ថុនៅកម្ពុជា ក្រោមការគាំទ្រយ៉ាងរឹងមាំពីក្រុមហ៊ុនអាណាព្យាបាលរបស់ខ្លួនគឺសម្ព័ន្ធហិរញ្ញវត្ថុ អុឹមប៊ី គ្រុប (MB Group) ក៏ដូចជាតាមរយៈទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-វៀតណាម។
ក្នុងនាមជាបុត្រសម្ព័ន្ធនៃសម្ព័ន្ធហិរញ្ញវត្ថុឈានមុខគេនៅប្រទេសវៀតណាម ធនាគារ អុឹមប៊ី (ខេមបូឌា) បានដើរតួជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការផ្តល់ជូននូវសេវាធនាគារប្រកបដោយស្តង់ដារខ្ពស់ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ទីផ្សារកម្ពុជា។
ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកំពុងមានសន្ទុះកើនឡើង ការផ្តល់សេវាកម្មដែលឆ្លើយតបចំតម្រូវការ និងប្រកបដោយប្រសិទ្ធភាពគឺជាអាទិភាពចម្បងរបស់ធនាគារ។ ជាក់ស្តែង ក្រោយកិច្ចពិភាក្សាជាមួយអនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហូជីមិញ ធនាគារបានមើលឃើញយ៉ាងច្បាស់នូវតម្រូវការទីផ្សារដ៏ខ្លាំងក្លានៅវៀតណាមសម្រាប់កសិផលនាំចេញពីកម្ពុជា ជាពិសេសដំឡូងមី និងគ្រាប់ស្វាយចន្ទី។ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ពាណិជ្ជកម្មនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) បានផ្តល់ជូននូវកញ្ចប់សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដ៏សម្បូរបែប រួមមាន សេវាផ្ទេរប្រាក់ (TT), សេវាលិខិតធានា (BG) និងសេវាលិខិតឥណទាន (LC) ដើម្បីធានាបាននូវការទូទាត់សាច់ប្រាក់រហ័ស និងមានសុវត្ថិភាពខ្ពស់សម្រាប់សហគ្រាសនាំចេញ។
សក្ខីភាពនៃភាពជោគជ័យនេះ ត្រូវបានស្តែងឡើងតាមរយៈទំហំប្រតិបត្តិការសាច់ប្រាក់ទូទាត់ឆ្លងដែន ដែលមានការកើនឡើងយ៉ាងខ្ពស់រហូតដល់ ៨០% ពីមួយត្រីមាសទៅមួយត្រីមាស គិតចាប់ពីឆ្នាំ២០២៥ មក។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានគាំទ្រដោយកម្មវិធីទូរសព្ទដៃ MBCambodia My Bank App ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់បានភ្លាមៗ (Real-time) ដោយមិនគិតថ្លៃសេវា និងអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា។ សម្រាប់ប្រតិបត្តិការសាច់ប្រាក់ដែលមានទំហំធំ អតិថិជនអាចប្រើប្រាស់សេវាផ្ទេរប្រាក់នៅតាមបញ្ជរសាខា ដោយអ្នកទទួលនៅក្រៅប្រទេសអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ស្របតាមផែនការពង្រីកវិសាលភាពយុទ្ធសាស្ត្រ ធនាគារបានបង្កើនចំនួនសាខារហូតដល់ ៥ ទីតាំង ដោយក្នុងនោះសាខាខេត្តកំពង់ចាម បានដើរតួជាចំណុចតភ្ជាប់ពាណិជ្ជកម្មដ៏សំខាន់ ជាពិសេសក្នុងវិស័យកសិកម្ម។
នៅក្នុងឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) មានការកើនឡើងប្រមាណ ២២,៨% ធៀបនឹងឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញលេញពី អុឹមប៊ី គ្រុប ដែលមានទ្រព្យសកម្មសរុបប្រមាណ ៦២,១៤ ពាន់លានដុល្លារអាមេរិក។
លោក Nguyen Anh Khanh អគ្គនាយក នៃធនាគារ អុឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាកសាងបទពិសោធន៍ធនាគារដ៏ទំនើប និងគ្មានដែនកំណត់សម្រាប់អតិថិជន។ ក្រៅពីការផ្តល់នូវដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត ក្រុមការងារយើងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការប្រឹក្សាផ្ទាល់ដល់ទីតាំងរបស់អតិថិជន ដើម្បីធានាថាអាជីវកម្មរបស់ពួកគាត់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងគោលដៅឈានជើងចូលទីផ្សារអន្តរជាតិប្រកបដោយទំនុកចិត្ត។»
អំពី ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដែលវិនិយោគទុន ១០០% ដោយធនាគារ Military Commercial Joint Stock Bank (MB Bank) និងជាបុត្រសម្ព័ន្ធនៃសម្ព័ន្ធហិរញ្ញវត្ថុ អុឹមប៊ី គ្រុប ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសវៀតណាម ជាមួយនឹងបទពិសោធន៍ដ៏រឹងមាំរយៈពេល ៣២ ឆ្នាំ។ ធនាគារត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការជា "ធនាគារពាណិជ្ជ" ដោយធនាគារជាតិនៃកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងនាមជាសាខារបស់ធនាគារ អុឹមប៊ី (MBBank នៅប្រទេសវៀតណាម)។
ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ខ្លួនដែលបានកសាងឡើងអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងទីផ្សារកម្ពុជា ធនាគារ អុឹមប៊ី (ខេមបូឌា) កំពុងបោះជំហានយ៉ាងស្វាហាប់ក្នុងការផ្លាស់ប្តូរខ្លួនទៅជាធនាគារដែលផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។ តាមរយៈការផ្តល់ជូនសេវាឌីជីថលដ៏ទំនើបសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ ធនាគារបានចាត់ទុកផលប្រយោជន៍របស់អតិថិជនជាចម្បងសម្រាប់រាល់ការអភិវឌ្ឍផលិតផលសេវារបស់ខ្លួន។
ក្រោមការគាំទ្រ និងវិនិយោគដ៏រឹងមាំពី អុឹមប៊ី គ្រុប ដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់យើង ធនាគារ អុឹមប៊ី (ខេមបូឌា) មានគោលដៅកំណត់និយមន័យថ្មីនៃសេវាធនាគារនៅកម្ពុជា ដោយ "ផ្ដោតលើអតិថិជនជាចម្បង និងផ្តល់អាទិភាពលើផ្នែកឌីជីថល"។ យើងផ្តល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុយ៉ាងពេញលេញប្រកបដោយ សុវត្ថិភាព ទំនុកចិត្ត និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវា សម្រាប់ទាំងអតិថិជនជាលក្ខណៈបុគ្គល និងអាជីវកម្ម។
អំពី អុឹមប៊ី គ្រុប (MB Group)
អុឹមប៊ី គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ និងសម្រេចបាននូវភាពរីកចម្រើនជាបន្តបន្ទាប់ប្រកបដោយស្ថិរភាពអស់រយៈពេល ៣២ឆ្នាំ មកហើយ ហើយក៏ត្រូវបានចាត់ថ្នាក់ជាសម្ព័ន្ធហិរញ្ញវត្ថុដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។
អុឹមប៊ី គ្រុប ផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែប តាមរយៈធនាគារ អុឹមប៊ី (MBBank នៅប្រទេសវៀតណាម) ដែលកំពុងធ្វើប្រតិបត្តិការជាមួយបណ្តាញសាខាសរុបជាង ២៨៤ទីតាំង ក្នុងបណ្តាខេត្ត និងក្រុងចំនួន ៥៣។។ ក្រុមហ៊ុននេះក៏មានសាខានៅប្រទេសឡាវ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨ ក្នុងវិស័យផ្សេងៗ ដូចជា៖ វិស័យធនាគារ (ធនាគារ អុឹមប៊ី (ខេមបូឌា), ធនាគារ Ocean Bank), ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត MB Ageas, ក្រុមហ៊ុនធានារ៉ាប់រង MIC, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Mcredit, ក្រុមហ៊ុនមូលបត្រ MBS, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ MBCapital និង ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម MBAMC។
តាមរយៈប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព កិត្តិនាមរបស់ អុឹមប៊ី គ្រុប ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសវៀតណាម។ អុឹមប៊ី គ្រុប បានធ្វើពិពិធកម្មសេវាកម្ម និងផលិតផលរបស់ខ្លួនដោយផ្អែកលើការគ្រប់គ្រងហានិភ័យដ៏ច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាដ៏ទំនើប និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅកាន់ចំណែកទីផ្សារថ្មីៗ តាមរយៈសេវាធនាគារដ៏ទំនើបបន្ថែមលើសេវាហិរញ្ញវត្ថុបែបប្រពៃណីដែលអតិថិជនធ្លាប់ទទួលបាននាពេលកន្លងមក។ បច្ចុប្បន្ន អុឹមប៊ី គ្រុប ត្រូវបានទទួលស្គាល់ថាជាសម្ព័ន្ធហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងមានការរីកចម្រើនប្រកបដោយស្ថិរភាព នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូលទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារ អុឹមប៊ី (MBBank នៅប្រទេសវៀតណាម) មានទ្រព្យសកម្មសរុបចំនួន ៦២,១៤ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ ៤៤,៩៧ ពាន់លានដុល្លារអាមេរិក និងផលប័ត្រឥណទានចំនួន ៤១,៦ ពាន់លានដុល្លារអាមេរិក។ ក្រោមការដឹកនាំប្រកបដោយបទពិសោធន៍យ៉ាងស៊ីជម្រៅពីក្រុមហ៊ុនអាណាព្យាបាលរបស់ខ្លួនក្នុងការទទួលបានជោគជ័យដ៏ត្រចះត្រចង់។ លើសពីនេះ ធនាគារមានប្រាក់ចំណេញមុនពន្ធសរុបចំនួន ១,៣១ ពាន់លានដុល្លារអាមេរិក ដែលនេះបានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការបង្ហាញឱ្យឃើញពីការធានាបាននូវស្ថិរភាពហិរញ្ញវត្ថុដែលចាំបាច់សម្រាប់ធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះស្របនឹងតម្រូវការក្នុងស្រុក។