• ទំព័រដើម
  • ធនាគារ អុឹមប៊ី (ខេមបូឌា) ពង្រីកបណ្តាញសាខាបន្ថែម នៅខណ្ឌច្បារអំពៅ សង្កាត់និរោធ

ធនាគារ អុឹមប៊ី (ខេមបូឌា) ពង្រីកបណ្តាញសាខាបន្ថែម នៅខណ្ឌច្បារអំពៅ សង្កាត់និរោធ

Oct 22, 2025

នាព្រឹកថ្ងៃពុធ ទី ២២ ខែតុលា ឆ្នាំ២០២៥៖ ធនាគារ អុឹមប៊ី (ខេមបូឌា) បានប្រកាសជាផ្លូវការអំពីការបើកសម្ពោធសាខាថ្មី ដែលមានទីតាំងស្ថិតនៅអគារលេខ ៧១៤ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ គណៈគ្រប់គ្រងរបស់ធនាគារ ដៃគូអាជីវកម្ម និងអតិថិជន។

ការបើកបន្ថែមសាខាថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគន្លឹះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក៏ដូចជាសម្រាប់ផែនការហិរញ្ញវត្ថុរយៈពេលវែងរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) នៅក្នុងតំបន់សក្តានុពល និងមានភាពរីកចម្រើនឆាប់រហ័សក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។

លោក Nguyễn Anh Khánh អគ្គនាយករបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា "នេះគឺជាភស្តុតាងដ៏ប្រាកដប្រជានៃការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ចំពោះការជ្រើសរើសទីតាំងដែលមានអតិថិជនរស់នៅច្រើនកុះករ និងមានសកម្មភាពសេដ្ឋកិច្ចសំខាន់ៗចម្រុះដ៏សម្បូរបែប។ ហើយធនាគារ អុឹមប៊ី (ខេមបូឌា) មានវត្តមាននៅទីនេះដើម្បីបំពេញជូនអតិថិជននូវតម្រូវការសេវាហិរញ្ញវត្ថុជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យទទួលបាននូវភាពរីកចម្រើន តាមរយៈការគ្រប់គ្រងសាច់ប្រាក់ដ៏មានប្រសិទ្ធភាពបំផុត។"

លោកបានបន្ថែមថា ជាការពិត បច្ចុប្បន្ននេះជាសម័យដែលបច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនខ្ពស់ ហើយធនាគារ អុឹមប៊ី (ខេមបូឌា) ក៏បានផ្តល់ជូននូវសេវាធនាគារចល័ត (MBCambodia My Bank App) ដែលប្រកបដោយភាពទំនើបទាន់សម័យ និងមានសុវត្ថិភាពខ្ពស់បំផុតដែលអតិថិជនអាចរីករាយធ្វើប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងងាយស្រួលគ្រប់ពេលវេលា និងទីកន្លែង (២៤/៧) ប៉ុន្តែយើងជឿជាក់ថា ការជួបប្រឹក្សាដោយផ្ទាល់លើសេវាហិរញ្ញវត្ថុមួយចំនួននៅតែចាំបាច់ និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ តាមរយៈក្រុមការងារដែលបានឆ្លងកាត់ការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈនៅសាខារបស់ធនាគារយើង។

គួរបញ្ជាក់ផងដែរថា ស្ថិតនាឱកាសដ៏វិសេសវិសាលក្នុងការបើកសម្ពោធសាខាថ្មីនេះ ធនាគារអុឹមប៊ី (ខេមបូឌា) ក៏មានផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនដល់អតិថិជនដែលរស់នៅតំបន់ច្បារអំពៅ រួមមាន៖ ការផ្តល់ជូនសាច់ប្រាក់ត្រលប់បន្ថែមភ្លាមៗ (០,១០%) បន្ថែមលើអត្រាការប្រាក់បញ្ញើមានកាលកំណត់ដ៏ទាក់ទាញ (៦,២៥% ក្នុងមួយឆ្នាំ សម្រាប់ការសន្សំជាប្រាក់រៀល) ជាមួយនឹងការផ្តល់ជូននូវលេខគណនីពិសេសដោយមិនគិតថ្លៃ, ការផ្ទេរប្រាក់ទៅវៀតណាមដោយមិនអស់ថ្លៃសេវា (តាម MBCambodia My Bank App), ការផ្តល់ជូននូវអត្រាការប្រាក់យ៉ាងទាបសមរម្យបំផុតសម្រាប់កម្ចីអាជីវកម្ម, ការផ្តល់ជូនពិសេសលើសេវាលិខិតធានា (BG) និងការផ្តល់ជូនពិសេសៗជាច្រើនផ្សេងទៀត។ 

លក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្តសម្រាប់កម្មវិធីផ្តល់ជូនពិសេសខាងលើ។ ធនាគារអុឹមប៊ី (ខេមបូឌា) សូមរក្សាសិទ្ធិក្នុងការកែប្រែដោយពុំចាំបាច់ជូនដំណឹងជាមុន។ 

 

អំពី ធនាគារ អុឹមប៊ី (ខេមបូឌា) 

ធនាគារ អុឹមប៊ី  (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ អុឹមប៊ី  គ្រុប ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅវៀតណាម និងមានបទពិសោធន៍ជាង ៣០ ឆ្នាំមកហើយ។ ធនាគារ អុឹមប៊ី  (ខេមបូឌា) ត្រូវបានបើកដំណើរការជាធនាគារពាណិជ្ជជាផ្លូវការដោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការជាសាខារបស់ធនាគារអាណាព្យាបាល (Military Commercial Joint Stock Bank) នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១។

 

តាមរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក ធនាគារ អុឹមប៊ី (ខេមបូឌា) កំពុងនឹងបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការប្រែក្លាយខ្លួនទៅជាធនាគារឌីជីថលដ៏ទំនើប ដោយផ្តោតលើអត្ថប្រយោជន៍អតិថិជនជាចម្បងសម្រាប់រាល់ការធ្វើទំនើបកម្មលើផលិតផល និងសេវាកម្មនានារបស់ខ្លួន។ ជាមួយនឹងមូលដ្ឋានគ្រឹះក្រោមការវិនិយោគដ៏សំខាន់ពីអុឹមប៊ី  គ្រុប, ធនាគារ អុឹមប៊ី  (ខេមបូឌា) មានបំណងរួមចំណែកលើការជម្រុញបន្ថែមនូវគុណវុឌ្ឍិក្នុងវិស័យធនាគារកម្ពុជា តាមរយៈការផ្តោតលើតម្រូវការអតិថិជន និងសេវាឌីជីថលជាអាទិភាព។ ធនាគារ អុឹមប៊ី  (ខេមបូឌា) ផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយនឹងសុវត្ថិភាពខ្ពស់ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ ទាំងលក្ខណៈបុគ្គល និងសហគ្រាស។