• ទំព័រដើម
  • ធនាគារ អុឹមប៊ី (ខេមបូឌា) និងបុគ្គលិក រួមគ្នាបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់គ្រួសារភៀសសឹក

ធនាគារ អុឹមប៊ី (ខេមបូឌា) និងបុគ្គលិក រួមគ្នាបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់គ្រួសារភៀសសឹក

Dec 23, 2025

រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥៖ ក្នុងនាមជាធនាគារដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) បានដាក់ចេញនូវយុទ្ធនាការបរិច្ចាគសប្បុរសធម៌ផ្ទៃក្នុង ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារស្ថានភាពនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាលទ្ធផល ធនាគារ អ៊ឹមប៊ី (ខេមបូឌា) និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួន បានចូលរួមថវិកាសរុបចំនួន ១៥,០៣០ ដុល្លារអាមេរិក។ ការចូលរួមចំណែកនេះ បានឆ្លុះបញ្ចាំងពីសប្បុរសធម៌រួមគ្នារបស់បុគ្គលិក និងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយជ្រោមជ្រែងដល់ប្រជាជនដែលកំពុងត្រូវការជំនួយ។
 

ថវិកាទាំងនេះត្រូវបានផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ការគាំទ្រទៅលើ ស្បៀងអាហារ ឱសថ ជម្រកបណ្តោះអាសន្ន និងសម្ភារៈចាំបាច់ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅតាមតំបន់ព្រំដែន។
 

លោក Nguyen Anh Khanh អគ្គនាយកនៃធនាគារ អុឹមប៊ី (ខេមបូឌា) បានសម្តែងនូវការកោតសរសើរចំពោះបុគ្គលិកទាំងអស់ ចំពោះក្តីមេត្តាករុណា និងស្មារតីទំនួលខុសត្រូវសង្គមខ្ពស់ ដោយលោកបានលើកឡើងថា៖ «ខ្ញុំពិតជាមានសេចក្តីត្រេកអរ និងមោទកភាពយ៉ាងខ្លាំងចំពោះបុគ្គលិករបស់យើង ដែលបានបង្ហាញនូវសាមគ្គីភាព និងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ធនាគារ អុឹមប៊ី (ខេមបូឌា) ក៏សូមចូលរួមសម្តែងនូវការសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារ និងប្រជាជនដែលរងផលប៉ះពាល់ដោយសារស្ថានភាពដ៏លំបាកនេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ជម្លោះនៅក្បែរតំបន់ព្រំដែននឹងបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យសន្តិភាព ស្ថិរភាព និងការរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានស្តារ និងត្រលប់មករកប្រក្រតីភាពឡើងវិញ»។
 

លោកបានបន្តទៀតថា៖ «ធនាគារ អុឹមប៊ី (ខេមបូឌា) ជឿជាក់លើស្ថិរភាពរបស់ប្រទេសកម្ពុជា ហើយនឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម ការជម្រុញកំណើនសេដ្ឋកិច្ច និងការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសកម្ពុជា និងវៀតណាម ដើម្បីធានាបាននូវការផ្តល់ផលប្រយោជន៍ខ្ពស់ដល់អតិថិជន និងសហគមន៍ឱ្យកាន់តែទូលំទូលាយ»។
 

យុទ្ធនាការបរិច្ចាគនេះ បានឆ្លុះបញ្ចាំងពីវប្បធម៌មនុស្សធម៌ដ៏រឹងមាំរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកទាំងអស់ ក្នុងការរួមចំណែកដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា បន្ថែមលើការផ្តល់ជូនសេវាធនាគារដ៏ល្អប្រសើរជូនទៅកាន់អតិថិជនរបស់យើង៕