ជាមួយនឹងបទពិសោធន៍ការងារជាងមួយទសវត្សរ៍នៅ ធនាគារ អឹុមប៊ី (ខេមបូឌា)ប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់ លោក Nguyen Anh Khanh បាននាំមកនូវបទពិសោធន៍យ៉ាងស៊ីជម្រៅ និងសមត្ថភាពដឹកនាំដ៏ឆ្នើមក្នុងតួនាទីជាអគ្គនាយករបស់ធនាគារ។ លោកបានចាប់ផ្តើមអាជីពការងារជាមួយធនាគារ អុឹមប៊ី នៅឆ្នាំ ២០១២ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការផ្តល់ជូនសេវាកម្មដល់អតិថិជន ក៏ដូចជាជម្រុញការអភិវឌ្ឍអាជីវកម្មជាបន្តបន្ទាប់ ជាលទ្ធផលលោកទទួលបានទំនុកចិត្ត និងត្រូវបានតែងតាំងជាថ្នាក់ដឹកនាំជាន់ខ្ពស់លើការបំពេញការងារតាមបណ្តាប្រទេសនានា។
ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ លោកបានបំពេញតួនាទីជានាយកសាខារបស់ ធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម ហើយបន្ទាប់មកលោកបានបន្តកាន់តំណែងជានាយកប្រតិបត្តិនៃធនាគារ អុឹមប៊ី ប្រចាំប្រទេសឡាវ រហូតដល់ឆ្នាំ ២០២២ ជាមួយនឹងការសម្រេចបានលទ្ធផលអាជីវកម្មគួរជាទីគាប់ចិត្ត។
នៅក្នុង ខែមករា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាអគ្គនាយក នៃធនាគារ អឹុមប៊ី (ខេមបូឌា) ម.ក ជាផ្លូវការ ដែលនៅទីនោះលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅ និងកសាងភាពរីកចម្រើនសម្រាប់ធនាគារ។