អបអរសាទរខួបគម្រប់ ៣ឆ្នាំ ជាមួយការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ក្នុងការផ្តល់ជូនភាពរីកចម្រើនសម្រាប់អតិថិជន និងសេដ្ឋកិច្ចប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦៖ ធនាគារ អឹុមប៊ី (ខេមបូឌា) ម.ក មានមោទនភាពក្នុងការប្រារព្ធខួបគម្រប់ ៣ ឆ្នាំ ដែលជាការកត់សម្គាល់នូវរយៈពេល ៣ ឆ្នាំនៃកំណើនប្រកបដោយស្ថិរភាព ការអនុវត្តកិច្ចការងារប្រកបដោយវិន័យ និងការប្តេជ្ញាចិត្តរយៈពេលវែងនៅក្នុងទីផ្សារកម្ពុជា។
ក្នុងឱកាសនៃការរំលឹកខួបគម្រប់៣ឆ្នាំនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តរបស់អតិថិជនក្នុងការគាំទ្រប្រើប្រាស់សេវាធនាគារយើងខ្ញុំ ក៏ដូចជាដៃគូអាជីវកម្មសម្រាប់ការសហការ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់សម្រាប់ការគាំទ្រ និងដំបូន្មាននានា និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើង ដែលបានរួមចំណែកក្នុងការកសាង ធនាគារ អុឹមប៊ី (ខេមបូឌា) ឱ្យទៅជាធនាគារដែលមានការរីកចម្រើនប្រកបដោយស្ថិរភាព។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ទោះបីជាស្ថិតក្នុងបរិយាកាសសេដ្ឋកិច្ចដែលកំពុងមានបញ្ហាប្រឈមមួយចំនួន ធនាគារ អុឹមប៊ី (ខេមបូឌា) នៅតែរក្សាបាននូវកំណើនខ្ពស់ លើទ្រព្យសកម្ម ឥណទាន ប្រាក់បញ្ញើ និងប្រាក់ចំណេញ ជាមួយនឹងការរក្សាបាននូវស្តង់ដារគ្រប់គ្រងហានិភ័យយ៉ាងម៉ឺងម៉ាត់។ ក្រោមការគាំទ្រយ៉ាងរឹងមាំពីក្រុមហ៊ុនអាណាព្យាបាលរបស់យើង គឺ អុឹមប៊ី គ្រុប (MB Group) យើងនឹងបន្តពង្រឹងមូលដ្ឋានគ្រឹះ និងលើកកម្ពស់វិន័យសម្រាប់ប្រតិបត្តិការធនាគាររបស់យើងនៅក្នុងប្រទេសកម្ពុជា។
លោក Tran Hai Ha ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អុឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ក្រុមការងាររបស់យើងបានកសាងធនាគារមួយនេះឡើងដោយការប្តេជ្ញាចិត្ត វិន័យ និងភាពមោះមុត។ ទោះបីជាស្ថិតនៅក្នុងបរិបទទីផ្សារដែលមានបញ្ហាប្រឈម ធនាគារ អុឹមប៊ី (ខេមបូឌា) នៅតែបន្តរីកចម្រើនខ្ពស់ ខណៈពេលដែលរក្សាបាននូវការគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព។ សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីភាពធន់ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងធនាគារមួយដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយការឈានចូលឆ្នាំទី ៤ ទិសដៅរបស់យើងនៅតែច្បាស់លាស់គឺ៖ “ផ្លាស់ប្តូរខ្លួនឱ្យប្រសើរ សមត្ថភាពរឹងមាំ ការងារមានប្រសិទ្ធភាព។»
លោក Nguyen Anh Khanh អគ្គនាយក នៃធនាគារ អុឹមប៊ី (ខេមបូឌា) បានបន្ថែមថា៖ «ខួបគម្រប់ ៣ ឆ្នាំរបស់យើង មិនត្រឹមតែជាការអបអរសាទរចំពោះសមិទ្ធផលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តជាថ្មីនូវការសន្យារបស់យើងចំពោះអតិថិជន ក៏ដូចជាម្ចាស់អាជីវកម្មនានាក្នុងប្រទេសកម្ពុជា។ ក្រោមការគាំទ្រពី អុឹមប៊ី គ្រុប យើងនៅតែបន្តផ្តោតលើការផ្តល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងការច្នៃប្រឌិតខ្ពស់ ជាពិសេសសម្រាប់អតិថិជនដែលមានទំនាក់ទំនងអាជីវកម្មរវាងកម្ពុជា និងវៀតណាម»។
ដើម្បីអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍នេះ ធនាគារ អុឹមប៊ី (ខេមបូឌា) ផ្តល់ជូនកម្មវិធីពិសេសៗជាច្រើន រួមមានការផ្តល់ជូនសេវាឥណទាន និងសេវាប្រាក់បញ្ញើមានកាលកំណត់ដែលមានការប្រាក់ដ៏ទាក់ទាញ ការផ្តល់ជូនការប្រាក់ពិសេសសម្រាប់អតិថិជនដែលសន្សំប្រាក់ក្នុងគណនីធនាគារ Premier Banking និងកម្មវិធីពិសេសមិនគិតថ្លៃសេវាផ្ទេរប្រាក់សម្រាប់ការផ្ទេរពីកម្ពុជាទៅវៀតណាមតាមរយៈកម្មវិធី MBCambodia My Bank App (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តសម្រាប់ការផ្តល់ជូនពិសេសៗខាងលើនេះ)។
សម្រាប់ការបោះជំហានទៅឆ្នាំបន្ទាប់ ឆ្នាំទី៤នេះ ធនាគារ អុឹមប៊ី (ខេមបូឌា) នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ លើកកម្ពស់អភិបាលកិច្ចហានិភ័យ ផ្តល់ជូនសេវាឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។