• ទំព័រដើម
  • គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ អុឹមប៊ី (ខេមបូឌា) ចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រ ដើម្បីអបអរទិវានារីអន្តរជាតិ

គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ អុឹមប៊ី (ខេមបូឌា) ចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រ ដើម្បីអបអរទិវានារីអន្តរជាតិ

Mar 08, 2026

រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី ៨ ខែមីនា ឆ្នាំ ២០២៦៖ ក្នុងឱកាសនៃទិវានារីអន្តរជាតិ ធនាគារ អុឹមប៊ី (ខេមបូឌា) បានចូលរួមក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ក្រោមប្រធានបទ «ស្ត្រីរត់លើវិថីសន្តិភាព» ដែលបានប្រារព្ធឡើងនៅក្នុងរាជធានីភ្នំពេញក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ ការចូលរួមនេះ មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់ធនាគារ ក្នុងការលើកកម្ពស់តម្លៃនៃសមភាពយេនឌ័រ ការពង្រឹងសុខុមាលភាពសហគមន៍ និងការបណ្ដុះទម្លាប់រស់នៅប្រកបដោយសុខភាពល្អ និងថាមពល។

 

ក្នុងនាមជាដៃគូធានារ៉ាប់រងតាមរយៈធនាគារ (Bancassurance Partner) ជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ធនាគារ អុឹមប៊ី (ខេមបូឌា) បាននាំយកនូវស្មារតីសាមគ្គីភាពមកកាន់ការរត់ក្នុងឆ្នាំនេះដើម្បីបង្ហាញពីការទទួលស្គាល់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏ចម្បង និងមិនអាចខ្វះបានរបស់ស្ត្រី ក្នុងការកសាងសុខដុមរមនា ការពារសុភមង្គលគ្រួសារ និងជាកម្លាំងចលករជំរុញការរីកចម្រើនក្នុងសហគមន៍កម្ពុជាទាំងមូល។

 

ទន្ទឹមនឹងនេះ ការចូលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ក៏បានបញ្ជាក់ពីទំនួលខុសត្រូវខ្ពស់លើកិច្ចការសង្គម (CSR) ដែលជាស្នូលនៃប្រតិបត្តិការរបស់ខ្លួន។ ធនាគារ អុឹមប៊ី (ខេមបូឌា) ជឿជាក់យ៉ាងមុតមាំថា សុខភាពមាំមួន និងសមភាពពិតប្រាកដ គឺជាគ្រឹះដ៏សំខាន់ចាំបាច់សម្រាប់សង្គមជាតិមួយដែលមានវិបុលភាព។ តាមរយៈការលើកទឹកចិត្តឱ្យបុគ្គលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ ធនាគារមានបំណងបណ្តុះនូវស្មារតីជួយគ្នាទៅវិញទៅមក ហើយក៏ដើម្បីបញ្ជាក់ថា ធនាគារ អុឹមប៊ី (ខេមបូឌា) មិនត្រឹមតែជាដៃគូហិរញ្ញវត្ថុដែលលោកអ្នកទុកចិត្តបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភដ៏សកម្មមួយដែលតែងតែឈរជាមួយសហគមន៍ក្នុងគ្រប់កាលៈទេសៈ។

 

យើងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការកសាងបរិយាកាសការងារ និងសង្គមមួយ ដែលបុគ្គលគ្រប់រូប ជាពិសេសស្ត្រី មានឱកាសពេញលេញក្នុងការរីកចម្រើន បញ្ចេញសមត្ថភាព និងក្លាយជាអ្នកដឹកនាំដ៏ឆ្នើមនាពេលអនាគត។