ធនាគារ អុឹមប៊ី (ខេមបូឌា) សហការផ្តល់ជូនកម្មវិធីពិសេសសម្រាប់ឥណទានទិញផ្ទះពីបុរីចន្ទគីរី
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦៖ តំណាងធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា) និង តំណាង ក្រុមហ៊ុន អឺបេនលែន (បុរី ចន្ទគីរី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជូននូវកម្មវិធីពិសេសសម្រាប់ឥណទានទិញផ្ទះ ក្នុងគោលបំណងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់អតិថិជនមានតម្រូវការទិញគេហដ្ឋានថ្មី។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអត្ថប្រយោជន៍បន្ថែមក៏ដូចជាសម្រាលបន្ទុកដល់អតិថិជនក្នុងការទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃ។
ស្របតាមលក្ខខណ្ឌកិច្ចព្រមព្រៀងនៃការផ្តល់ជូនពិសេស អតិថិជនដែលចង់ទិញគេហដ្ឋាននៅក្នុងគម្រោងរបស់ បុរី ចន្ទគីរី នឹងទទួលបានឥណទានជាមួយលក្ខខណ្ឌដ៏ល្អបំផុតនៅក្នុងទីផ្សារ ដោយអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖
រយៈពេលកម្ចីរហូតដល់ ៣០ឆ្នាំ៖ នេះបានធ្វើឱ្យការបង់ប្រាក់ប្រចាំខែមានចំនួនតិច ដែលធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។
អត្រាការប្រាក់ទាបសមរម្យត្រឹមតែ ៧,៧៥% ក្នុងមួយឆ្នាំ៖ (សម្រាប់រយៈពេល ២ឆ្នាំដំបូង) ដើម្បីរួមចំណែកសម្រួលលើការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងអំឡុងពេលដំបូងនៃការចូលស្នាក់នៅ លើសពីនោះអតិថិជនក៏នឹងត្រូវបានលើកលែងការបង់ប្រាក់ដើមសម្រាប់រយៈពេល ៦ខែដំបូង។
ដំណើរការវាយតម្លៃឥណទានរហ័ស និងមានភាពងាយស្រួល៖ តាមរយៈក្រុមការងារដែលមានបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ការសិក្សា និងរៀបចំឥណទានជូនអតិថិជនត្រូវបានរៀបចំជូនយ៉ាងឆាប់រហ័ស ជាមួយនឹងការប្រឹក្សាព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោក ហ៊ីម ភិរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល បានមានប្រសាសន៍ថា៖ "កិច្ចសហការរបស់យើងជាមួយ បុរី ចន្ទគីរី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការក្លាយជា 'ដៃគូយុទ្ធសាស្រ្តដ៏ល្អ' និងជាដៃគូហិរញ្ញវត្ថុដ៏ល្អសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការផ្តល់ជូននូវរយៈពេលកម្ចីវែង និងរយៈពេលអនុគ្រោះការបង់ប្រាក់ដើមនៅដំណាក់កាលដំបូង យើងកំពុងផ្តល់ជូននូវជម្រើសសេវាឥណទានដែលនឹងរួមចំណែកសម្រួលដល់ជីវភាព និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជនយើង។
គួរបញ្ជាក់ថា ការផ្តល់ជូនពិសេសនេះមានសុពលភាពត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) ឬការិយាល័យលក់របស់ បុរី ចន្ទគីរី ដើម្បីទទួលបានការពិគ្រោះយោបល់ផ្ទាល់។